Youth's Reflection
Special Week

ខ្ញុំបាទឈ្មោះ ដុក​ ដុំ ជានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា និងជាយុវជន CaMSafe ។ នៅក្នុងសប្ដាណ៍នេះ គឺជាសប្ដាណ៍ពិសេសរបស់​ខេមសេហ្វ​ ដែលការបណ្តុះបណ្ដាលបានធ្វើឡើងពេញមួយថ្ងៃចែកចេញជាពីរវេនក្រោមប្រធានបទផ្សេងគ្នា។​ សម្រាប់ពេលព្រឹក ក្រុមយុវជនរបស់ខេមសេហ្វបាន​ចុះទៅធ្វើកម្មសិក្សាផ្ទាល់នៅសាលាបង្រៀនបើកបរទោចក្រយានយន្ត​ អិន ស៊ី អិច​ ដើម្បីសិក្សាពីច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា​ក៏ដូចជា​អនុវត្តន៍ផ្ទាល់នូវការបើកបរតាមប្រព័ន្ធកុំព្យូទ័រ​4D។ តើក្រោយពីបានសិក្សារួចមក​  ខ្ញុំបានយល់ដឹង​អ្វីខ្លះអំពីច្បាប់ចរាចរណ៍នៃប្រទេសកម្ពុជា?

ជាការពិតណាស់ ខ្ញុំបានទទួលចំណេះដឹងជាច្រើនទាក់ទងនឹងច្បាប់ចរាចរណ៍នៅកម្ពុជាដូចជា​ ស្លាកសញ្ញាចរាចរណ៍ ការត្រួតពិនិត្យទោចក្រយានយន្ត ល្បឿននៃការបើកបរ​ ការប្រើប្រាស់ផ្លូវ សិទ្ធិអាទិភាព​ ជាដើម។ល។ ចំពោះស្លាកសញ្ញាចរាចរណ៍មានច្រើនជាពិសេសនៅក្នុងទីប្រជុំជនដែលបង្កប់អត្ថន័យផ្សេងៗគ្នាជាការផ្តល់សញ្ញា​ ផ្តល់ដំណឹង ដាស់តឿន និង​ពន្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវ។​ ចំណែកឯ ការត្រួតពិនិត្យទោចក្រយានយន្តមុននឹងចេញដំណើរត្រូវធ្វើការត្រួតពិនិត្យអោយមានគ្រប់ជ្រុងជ្រោយដើម្បីជៀសវាងពីគ្រោះថ្នាក់ដោយយថាហេតុ​ ដូចជាការបែកសំបកកង់ ការខូចកញ្ចក់មិនអាចមើលក្រោយបាន ម៉ូតូខូចហ្រ្វាំង រឺដាច់ច្រវ៉ាក់ជាដើម។ រីឯល្បឿននៃការបើកបរក៏មានសារសំខាន់ដែរគឺយើងត្រូវដឹងថា​ តើត្រូវបើកបរក្នុងល្បឿនប៉ុន្មានគីឡូម៉ែត្រក្នុងមួយម៉ោងនៅទីប្រជុំជន និងតាមក្រៅទីប្រជុំជន​ ហើយត្រូវប្រែប្រួលទៅតាមស្ថានភាពផ្លូវ​ និងអាកាសធាតុជាក់ស្តែង។ ចំណេះដឹងផ្សេងទៀតដែលខ្ញុំបានរៀនគឺ ការបែកចែកផ្លូវជាបួនគឺ​ ផ្លូវ ទ្រូងផ្លូវ គន្លងផ្លូវ និង​ចិញ្ចើមផ្លូវ ក៏ដូចជាផ្នែកណាមួយដែលឡាន ម៉ូតូ កង់អាចបើកបរ​ រឺជែងបាននិងមិនបាន។ ចំណេះដឹងអំពីសិទ្ធិអាទិភាពវិញ គឺខ្ញុំបាន​យល់ដឹងអំពីសិទ្ធិអាទិភាពនៅក្នុងរង្វង់មូល ផ្លូវកែង ផ្លូវខ្វែង និងឡានសង្រ្គោះជាដើម។ល។ ចុងក្រោយគឺ ការអនុត្តផ្ទាល់ការបើកបរជាមួយម៉ាស៊ីន 4D ដែលខ្ញុំក៏ដូចជាយុវជនខេមសេហ្វបានធ្វើតេស្តឥរិយាបទ និងឃើញកំហុសឆ្គងរបស់ខ្លួនឯងក្នុងការបើកបរ។​

សប្ដាណ៍ពិសេសរបស់ខេមសេហ្វលើកនេះគឺបានធ្វើអោយយុវជនខេមសេហ្វស្វែងយល់ពីគ្នាបានកាន់តែស៊ីជម្រៅជាងមុនតាមរយះការញាំអាហារថ្ងៃត្រង់ជុំគ្នាខណះនិយាយគ្នាផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងផ្នត់គំនិត។​ អ្វីដែលពិសេសជាងនេះសម្រាប់ថ្ងៃនេះគឺ ការចែករំលែកចំណេះដឹងទាក់ទងនឹង​ការបង្កើតនិងឌីស្សាញវេបសាយហ្រ្វី និងរបៀបសរសេរប្លកអោយមានភាពទាក់ទាញដែលធ្វើបទបង្ហាញដោយយុវជនខេមសេហ្វផ្ទាល់។​ ពីមុនធ្លាប់តែឃើញគេបង្កើតវេបសាយទាក់ទងនឹងជំនួញ តែលើកនេះបានរៀនពីរបៀបប្រូម៉ូត​ និងបង្ហាញពីសក្តានុពលរបស់ខ្លួនឯងតាមរយះវេបសាយ​ និងប្លកដែលអាចបង្កើតបានដោយខ្លួនឯងថ្វីត្បិតតែមិនទាន់ល្អតែនឹងព្យាយាមបន្ថែម ព្រោះចំណេះដឹងបច្ចេកវិទ្យាគឺសំខាន់បំផុតក្នុងសម័យFlat worldនេះ។ ទាំងអស់គ្នាក៏បានចែករំលែកបទពិសោធន៍និងផលប្រយោជន៍​ទាក់ទងនឹងការធ្វើនិងចូលរួមការងារស្ម័គ្រចិត្ត​ និងការងារសង្គមផ្សេងៗជាការរួមចំណែកផ្លាស់ប្តូរ​​ និងអភិវឌ្ឍន៍សហគមន៍។​ ជាងនេះទៅទៀតទាំងអស់គ្នាក៏មានគោលដៅ​ និងផ្នត់គំនិតរួមគ្នាមួយក្នុងការបង្កើតគម្រោងផ្តោតទៅលើ ការជំរុញនិងបណ្តុះគំនិតយុវជនជំនាន់ក្រោយ សុវត្ថិភាពចរាចរណ៍ សុខភាពសាធារណ និងបរិស្ថានដើម្បីជួយដល់សហគមន៍ដែលកំពុងប្រឈមនឹងបញ្ហាចោទទាំងនេះ។