អង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជាផ្ដល់សម្ភារៈហ្វឹកហាត់សង្រ្គោះបន្ទាន់
ដល់កាកបាទក្រហមកម្ពុជា

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅក្នុងទីស្នាក់ការកាកបាទក្រហមកម្ពុជាមានប្រារព្វពិធីប្រគល់និងទទួល សម្ភារៈសម្រាប់ហ្វឹកហាត់សង្គ្រោះបន្ទាន់មួយចំនយនជូនដល់កាកបាទក្រហមកម្ពុជាដោយអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា (CAMSAFE) ។

មានប្រសាសន៍នៅក្នុងឧិកាសទទួលសម្ភារៈខាងលើនោះ លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាកាកបាទក្រហមកម្ពុជា បានថ្លែងនូវអំណរគុណដល់អង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជាដែលបានស្វះស្វែងរកជំនួយមកជួយដល់កាកបាទក្រហមកម្ពុជាដើម្បីប្រើប្រាស់ក្នុងការសង្គ្រោះជីវិតដល់ជនរងគ្រោះ។ លោកជំទាវថ្លែងថារាល់អ្នកស្មគ្រ័ចិត្ត ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាសុទ្ធសឹងតែទទួលបាននូវការហ្វឹកហាត់វិជ្ជាសង្គ្រោះបន្ទាន់ក្នុងគោលបំណងផ្ដល់ការជួយសង្គ្រោះទាន់ពេលដល់ជនរងគ្រោះ​។ សម្ភារៈទាំងអស់នេះ មានសារសំខាន់ជាខ្លាំងក្នុងការយកទៅបណ្ដុះបណ្ដាលដល់ក្រុមអ្នកទាំងនោះឲ្យគេបានចេះពីវិធីសង្រ្គោះជីវិត។​

លោកគង់ សុវណ្ណ ប្រធានអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា បានថ្លែងថាថ្វីបើសម្ភារៈប្រគល់ជូនកាកបាទក្រហមកម្ពុជានាពេលនេះមិនមានចំនួនច្រើនណាស់ណាក៏ដោយ ក៏ប៉ុន្ដែអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងយុវជនកាកបាទក្រហមកម្ពុជាអាចប្រើប្រាស់វាក្នុងការហ្វឹកហាត់ បង្កើនចំណេះដឹង និងបំណឹនបាន។ ពួកគេអាចទៅជួយសង្គ្រោះជីវិតជនរងគ្រោះនៅពេលណាមួយ ឧទាហរណ៍ដូចជាពេលមានគ្រោះថ្នាក់ចរាចរណ៍ជាដើមដែលទាមទារឲ្យមានការជួយ​ សង្គ្រោះភ្លាមៗដើម្បីរក្សាជីវិតបាន។ លោកយល់ថា តាម​  រយៈកម្មវិធីមួយនេះ ក៏អាចរួមចំណែកក្នុងការកាត់បន្ថយចំនួនជនរងដល់ជីវិតនិងជួយក្នុងការសម្រេចបានតាមផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលរាជ  រដ្ឋាភិបាលបានកំនត់កាត់បន្ថយចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០%នាត្រឹមឆ្នាំ២០២០ខាងមុខ។

សូមបញ្ជាក់ថា អង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា បាននិងកំពុងតែអនុវត្តគម្រោងជាច្រើនដោយផ្ដោតលើវិស័យសុវត្ថិភាព លើកកំពស់បរិស្ថាន សុខភាពអនាម័យ បណ្ដុះបណ្ដាលដល់យុវជន និងប្រជាជនតាមសហគមន៍ទៀតផង។ សកម្មភាពទាំងនោះបានសហការជាមួយនិងកាកបាទក្រហមកម្ពុជានិងដៃគូសំខាន់ៗជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។

សម្រាប់ពត៌មានបន្ថែមស្តីអំពីយុទ្ធនាការ សូមទំនាក់ទំនងៈ

លោក មាស ចាន់ឌី

មន្រ្តីកម្មវិធីសុវត្ថិភាពចរាចរណ៍

អង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា

ទូរស័ព្ទៈ៨៥៥ ១២​​ ៧៩៣៦៣៧

ទូរសារៈ  measchandy@gmail.com  

លោក ខឹម សុផល

ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍

កាកបាទក្រហមកម្ពុជា

ទូរស័ព្ទៈ៨៥៥ ៧៨ ៥៣៥៤០៦

ទូរសារៈ  sophalkhem16@yahoo.com